សង្ខេប​ពីសង្គ្រាមលោកលើកទី២

សង្គ្រាម​លោក​លើក​ទីII ជា​សង្គ្រាម​សាកល ដែល​​គេ​សន្មត​ថា ​កើត​ឡើង​ពី​ឆ្នាំ១៩៣៩ ដល់​ឆ្នាំ១៩៤៥ បើ​ទោះ​ជា​​​ជម្លោះ​ប្រដាប់​​អាវុធ​ជាច្រើន​​បាន​​កើត​មាន​​មុន​នេះ។ វា​​​ជា​សង្គ្រាម​ប្រឆាំង​គ្នា រវាង​​​​​ក្រុម​សម្ព័ន្ធមិត្ត (Allies) និង​​​មហាអំណាច​អ័ក្ស (Axis)។ វា​ជា​សង្គ្រាម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​ជាង១០០លាន​នាក់​បាន​ចូលរួម​ដោយ​ផ្ទាល់ មកពី​ជាង​៣០​ប្រទេស និង​​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​​ប្រហែល៥០ – ៨៥លាន​នាក់ ​ជា​ជម្លោះ​យោធា​ដ៏​ប្រល័យ​បំផុត​ក្នុង​ប្រវត្តិ​​មនុស្សជាតិ។

ចក្រភព​ជប៉ុន​មាន​គោលបំណង​​ចង់​គ្រប​​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក និង​​បាន​ផ្ដើម​​​សង្គ្រាម​​រួច​ទៅ​ហើយ​ជាមួយ​នឹង​សាធារណរដ្ឋ​​​ចិន​ក្នុង​ឆ្នាំ១៩៣៧ ប៉ុន្តែ​សង្គ្រាម​លោក​ត្រូវ​បាន​គេ​និយាយ​ជា​ទូទៅ​ថា បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ១៩៣៩ ក្រោយ​ពី​​អាល្លឺម៉ង់​បាន​ឈ្លានពាន​​​ប៉ូឡូញ​ និង​​​មាន​ការ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​​​អាល្លឺម៉ង់​ជា​បន្តបន្ទាប់ ដោយ​​បារាំង និង​ចក្រភពអង់គ្លេស។

ចុង​ឆ្នាំ១៩៣៩ និង​ដើមឆ្នាំ១៩៤១ មាន​យុទ្ធនាការ​ និង​សន្ធិសញ្ញា​ជា​បន្ត​បន្ទាប់​ ដើម្បី​​បែងចែក​ដែន​អំណាច​គ្នា ដោយ​អាល្លឺម៉ង់​​​​គ្រប់គ្រង​​ភាគច្រើន​នៅ​ទ្វីប​អឺរ៉ុប និង​បង្កើត​ជា​​​សម្ពន្ធ​ភាព​​អ័ក្សជាមួយ​អ៊ីតាលី និង​ជប៉ុន។ ក្រោម​កតិកាសញ្ញា Mototov-Ribbentrop សីហា ឆ្នាំ១៩៣៩ គឺ​អាល្លឺម៉ង់ និង​រុស្សី​បាន​​ពុះ​ចែក​ និង​បញ្ចូល​ដែនដី​ប្រទេស​ជិតខាង​អឺរ៉ុប​ជា​ផ្នែក​មួយ​នៃ​ប្រទេស​​ខ្លួន។ សង្គ្រាម​បាន​​បន្ត​ជាបឋមរវាង​មហា​អំណាច​​អ័ក្ស និង​​​ក្រុម​សម្ព័ន្ធមិត្ត (អង់គ្លេស បារាំង និង​ប៉ូឡូញ) និង​ប្រទេស​និយាយ​ភាសា​អង់គ្លេស (អូស្ត្រាលី កាណាដា ឥណ្ឌា នូវែលហ្សេឡង់ និង​អាហ្វ្រិកខាងត្បូង)។

នៅ​ខែ​មិថុនា ឆ្នាំ១៩៤១ ​មហាអំណាច​អ័ក្ស​អឺរ៉ុប​​ផ្ដើម​ឈ្លានពាន​​​​សូវៀត ដែល​​បាន​បើក​ឲ្យ​​មាន​លេណដ្ឋាន​​សង្គ្រាម​ដ៏​ធំ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ និង​​បាន​ទាញ​កង​កម្លាំង​យោធា​របស់​អ័ក្ស ឲ្យ​ធ្លាក់​​ចូល​ទៅ​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ​មួយ។ នៅ​ខែ​ធ្នូ​ ឆ្នាំ១៩៤១ ជប៉ុន​បាន​វាយប្រហារ​​សហរដ្ឋអាមេរិក និង​ទឹកដី​អឺរ៉ុប នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​បាន​កាន់កាប់​​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ភាគច្រើន​យ៉ាង​ឆាប់រហ័ស។

ការ​រុល​ចូល​របស់​​ក្រុម​អ័ក្ស​ត្រូវ​បាន​បញ្ឈប់ ក្រោយ​ជប៉ុន​ចាញ់​​ក្នុង​សមរភូមិ​មីតវ៉េ និង​ក្រោយ​អាល្លឺម៉ង់​​បាន​ចាញ់​សង្គ្រាម​​នៅ​អាមេរិក​ខាងត្បូង និង​បន្ទាប់​មក​នៅ​ Stalingrad ក្នុង​សូវៀត។ ក្នុង​ឆ្នាំ១៩៤៣ ជាមួយ​នឹង​​ការ​ចាញ់​របស់​អាល្លឺម៉ង់​ជា​បន្តបន្ទាប់​នៅ​ខ្សែ​ត្រៀម​មុខ​ខាងកើត ការ​វាយ​លុយ​របស់​​ក្រុម​សម្ពន្ធមិត្ត​​លើ​អ៊ីតាលី​នាំ​ឲ្យ​អ៊ីតាលី​ចុះចាញ់ ហើយ​​ក្រុម​សម្ព័ន្ធ​មិត្ត​បាន​ទទួល​ជ័យជម្នះ​នៅ​​ប៉ាស៊ីហ្វិក រីឯ​ក្រុម​​អ័ក្ស​ដែល​ចាញ់ បាន​បាត់បង់​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់ ហើយ​បាន​ដក់​ថយ​​ខ្សែត្រៀម​​​មុខ​ទាំងអស់។

ក្នុង​ឆ្នាំ១៩៤៤ ក្រុម​សម្ព័ន្ធមិត្ត​​អឺរ៉ុប​បាន​វាយលុក​ចូល​ប្រទេស​បារាំង​ដែល​កាន់កាប់​ដោយ​​អាល្លឺម៉ង់ ខណៈ​​​សូវៀត​ដណ្ដើម​បាន​​​មក​វិញ​នូវ​ដែនដី​របស់​ខ្លួន​ដែល​បាន​បាត់បង់ ហើយ​បាន​វាយ​លុក​​​​អាល្លឺម៉ង់ និង​ប្រទេស​ជា​​សម្ព័ន្ធ​អាល្លឺម៉ង់។ ក្នុង​អំឡុង​ឆ្នាំ១៩៤៤ និង១៩៤៥ ជប៉ុន​បាន​ទទួលរង​នូវ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ នៅ​ដីគោក​អាស៊ី ក្នុង​ចិន​កណ្ដាល​ភាគ​ខាងត្បូង និង​ភូមា ខណៈ​​ក្រុម​សម្ព័ន្ធ​មិត្ត​បាន​​វាយ​ពន្លិច​​កង​នាវា​ជប៉ុន និង​​​រឹបអូស​កោះ​ប៉ាស៊ីហ្វិក​អឺរ៉ុប​សំខាន់ៗ។

សង្គ្រាម​​អឺរ៉ុប​ បាន​​បញ្ចប់​​ក្រោយ​ពី​ការ​វាយ​លុយ​​លើ​អាល្លឺម៉ង់​ ដោយ​​ក្រុម​សម្ព័ន្ធ​​មិត្ត​អឺរ៉ុប និង​សូវៀត ដែល​ចុងក្រោយ​​សូវៀត​​បាន​រឹបអូស​ក្រុង​ប៊ែរឡាំង និង​កងកម្លាំង​ប៉ូឡូញ​បាន​​ព័ទ្ធ​​អាល្លឺម៉ង់​​​ឲ្យ​ចុះចាញ់​​ថ្ងៃ​ទី៨ ឧសភា ១៩៤៥។ ជប៉ុន​បាន​បដិសេធ​មិន​​ចុះចាញ់ ដែល​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក​​ទម្លាក់​គ្រាប់បែក​បរមាណូ​​​​លើ​ទីក្រុង​ហីរូសហ្សីម៉ា ​ថ្ងៃ​ទី៦ ខែ​សីហា និង​​លើ​ទីក្រុង​ណាហ្គាគី ​ថ្ងៃ​ទី៩ សីហា។ ​ការ​លុកលុយ​​លើ​ប្រជុំ​កោះ​ជប៉ុន បន្ថែម​ជាមួយ​នឹង​​ទទួល​រង​​​គ្រាប់​បែក​បរមាណូ និង​​ការ​ប្រកាស​របស់​​សង្គ្រាម​របស់​សហភាពសូវៀត​​​​ប្រឆាំង​ជប៉ុន និង​ការ​វាយប្រហារ​របស់​សូវៀត​មក​លើ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​វាយលុក​ម៉ាន់ជូរី ជប៉ុន​ក៏​បាន​ចុះចាញ់​នៅ​ថ្ងៃទី១៥ ​សីហា ១៩៤៥ ដូច្នេះ​​​សង្គ្រាម​នៅ​អាស៊ី​​ត្រូវ​បាន​បញ្ចប់ ផ្ដើម​ចេញ​ពី​ជ័យ​​ជម្នះ​របស់​​ក្រុម​សម្ព័ន្ធមិត្ត។

សង្គ្រាម​លោក​លើក​ទីII បាន​ផ្លាស់ប្ដូរ​​ក្រឹត្យក្រម​​នយោបាយ និង​ហេដ្ឋារចនាសម្ពន្ធ​សង្គម។ អង្គការ​សហប្រជាជាតិ (UN) ក៏​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​​ទប់ស្កាត់​ជម្លោះ​នា​ពេល​អនាគត។ មហា​អំណាច​ធំ​ដែល​ទទួល​ជ័យ​ជម្នះ មាន​សហរដ្ឋអាមេរិក សហភាព​សូវៀត ចិន ចក្រភពអង់គ្លេស និង​​បារាំង បាន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ​សូវៀត និង​​អាមេរិក​​បាន​​ប្រជែង​​មហាអំណាច​​គ្នា ដែល​​​ទាញ​ឲ្យ​ពិភពលោក​​​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ត្រជាក់ អស់​​រយៈពេល៤៦ឆ្នាំ។ ទន្ទឹម​នឹង​នេះ​ដែរ ឥទ្ធិពល​នៃ​​មហា​អំណាច​​អឺរ៉ុប ​ក៏​បាន​ប្រែ​ជា​​អាប់​ប្រឡាក់​វិញ ដោយសារ​​ផ្ដើម​ធ្វើ​អាណានិគម​នៅ​​អាស៊ី និង​អាហ្វ្រិក។ ភាគច្រើន​ឧស្សាហកម្ម​នៃ​ប្រទេស​ទាំងនោះ​ដែល​បាន​ខ្ទេចខ្ទាំ បាន​ឆ្ពោះ​ទៅ​រក​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។ សមាហរណកម្ម​នយោបាយ​ ជាពិសេស​នៅ​​​តំបន់​អឺរ៉ុប បាន​ញាំង​ឲ្យ​មាន​​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បញ្ចប់​ការ​ស្អប់ខ្ពើម​​គ្នា​កាល​មុន​សង្គ្រាម​ និង​បង្កើត​ជា​អត្ត​សញ្ញាណ​រួម​មួយ។​

Comments

comments