តើអ្នក​មិន​សូវ​មានជំនាញ​ក្នុង​ការ​ដឹង​បាន​ថា​គេកុហក​ឬ?

តាម​ការស្រាវជ្រាវ​ថ្មី​របស់ដុកទ័រលៀននឹ ថេន ប្រីង (Dr. Leanne ten Brinke) សាស្ត្រាចារ​ផ្នែក​ចិត្ត​សាស្ត្រ​សាលា​​ពានិជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​កាលីហ្វញ៉ា និង​ក្រុម​ការងារបាន​អះអាង​ថា​ វា​​ការ​​មើ​ល​ឲ្យ​ដឹង​ថានរណាម្នាក់កុហក​យើង​នោះគឺវា​ពិបាក​បន្តិច​ព្រោះ​គេបាន​ត្រៀម​ខ្លួន​ក្នុងការ​កុហក​ទុកជាមុន ប៉ុន្តែ​អញាណ​នៃ​ចិត្ត​របស់​យើង​ពេល​ខ្លះ​មិន​អាច​គ្រប់គ្រង​បាន​ឡើយ។

សំណាង​ល្អ​ មានសញ្ញា​ខ្លះ​ដែល​យើង​អាច​មើ​ល​ឃើញ​នៅពេល​យើង​ចង់​​ដឹង​ថា​គេ​កុហក​យើង​ឬ​ក៏​យ៉ាងណា។

ដុកទ័រ លីលៀន គ្លាស់ (Dr. Lillian Glass) អ្នកជំនាញ​ខាង​វិភាគអក្បកិរិយា​និង​ភាសាកាយវិការ ដែល​បាន​ធ្វើការ​ជាមួយភ្នាក់ងារFBI បាន​និយាយថា នៅពេល​យើង​ចង់​ដឹង​ថា​មនុស្សម្នាក់​កំពុង​និយាយកុហកឬអត់នោះ ដំបូង​អ្នក​ត្រូវ​ដឹង​ពី​សកម្មភាព​ដែល​គាត់​មានជាធម្មតា​ជាមុនសិន។ បន្ទាប់​មក​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការបញ្ចេញអារម្មណ៍របស់គេ កាយវិការ​ ការ​លើក​ដាក់សំឡេង ទាំងនេះជាអ្វីដែល​លីលៀន​បាន​លើកឡើង​នៅក្នុងសៀវភៅរបស់នាង​ក្រោមចំណង​ជើង​ថា “ភាសា​កាយវិការ​នៃ​មនុស្ស​កុហក(The Body Language of Liars)”។

ខាងក្រោម​នេះ​ជាការ​និយាយ​បង្ហាញ​ត្រួសៗ​នៃ​សញ្ញាទាំង​១១ដែលអ្នកអាច​​សាកល្បង​ប្រើប្រាស់​បាន៖

១)​ពួកគេ​ធ្វើ​ចលនា​ក្បាល​ញឹកញាប់

ប្រសិន​បើ​អ្នក​សុខៗ​ឃើញ​នរណាម្នាក់​បម្លាស់ទី​ក្បាល​នៅពេល​ដែល​អ្នកសួរ​សំនួរ​ចំៗ គេ​ប្រហែល​កំពុង​កុហកអ្នក​អំពីរឿង​អ្វីម្យ៉ាង​មិន​ខាន។ “ក្បាលរបស់គេ​និង​រាង​ថយ​ដកក្រោយ ឱន​ចុះក្រោម ឬ​ងើប​ឡើង​ ឬ​បង្វិល​ទៅ​ឆ្វេង​ទៅស្ដាំ” នេះ​ជាអ្វីដែល​មាន​នៅក្នុងសៀវភៅ​របស់គ្លាស់។ វា​កើតឡើង​ភ្លាមៗ​មុនពេល​ដែល​គេ​បម្រុង​នឹង​ឆ្លើយ​នឹង​សំនួរ​របស់អ្នក។

២)​ចលនាដង្ហើម​ផ្លាស់ប្ដូរ

នៅពេលនរណាម្នាក់​កុហក​អ្នក គេ​នឹង​ចាប់ផ្ដើម​ដកដង្ហើម​ធំ គ្លាស់​បាន​លើកឡើង។ “វា​កើតឡើង​ដោយ​មិន​​ដឹង​ខ្លួន”។ នៅពេល​ដែល​គេ​ផ្លាស់ប្ដូរ​ចលនាដង្ហើម ស្មារបស់គេ​នឹង​រាង​ងើបឡើងហើយ​សំឡេង​របស់គេ​និង​រាង​ស្ទាក់ស្ទើរ។ ការពិតទៅ​ គេ​រាង​ខ្លះ​ខ្យល់​ដង្ហើម​ព្រោះ​ចង្វាក់បេះដូង​ និង​​លំហូ​រឈាម​ផ្លាស់ប្ដូរ។ រាងកាយ​របស់អ្នក​នឹង​ជួប​នូវ​ការ​ផ្លាស់ប្ដូរ​បែប​នេះ​នៅពេល​ដែល​អ្នក​​ភ័យ​រសាប់​រសល់ ពេល​​មានអារម្មណ៍​តានតឹង នៅពេល​អ្នកកុហក។

៣)​គេ​មិន​​ផ្លាស់ទីទៅណាសោះ

ធម្មតា​យើង​តែង​ដឹង​ថា​មនុស្ស​ម្នាក់​នៅស្ងៀម​មិនកម្រើក​សោះ​នៅពេលដែល​គេ​ភ័យ​រសាប់រសល់ ប៉ុន្តែ គ្លាស់​បាន​និយាយថា​អ្នក​គួរ​តែ​សង្កេត​ផងចំពោះ​មនុស្ស​ដែល​មិន​ផ្លាស់ទីសោះ។ នៅពេល​ដែល​អ្នក​និយាយ ឬ​ចូលរួម​ក្នុងកិច្ចសន្ទនា​បែប​សាមញ្ញ​ ជា​ធម្មជាតិអ្នក​នឹង​បម្លាស់​ខ្លួនរបស់អ្នក​ទៅមកដើម្បី​ធ្វើឲ្យ​ស្រួល​ក្នុងខ្លួន តែ​ជាទូទៅ​អ្នកធ្វើវា​ដោយ​មិន​ដឹង​ខ្លួន​ច្រើនជាង។ ដូច្នេះ​បើអ្នកសង្កេតឃើញថា​គេ​នៅឈរ​រឹង​ឆ្កឹង មិន​មាន​ចលនា​នៅមួយ​កន្លែង វា​ជាសញ្ញា​បញ្ជាក់ថា​មានអ្វីម្យ៉ាង​មិន​ស្រួល​។

៤)​ពួកគេ​និយា​យ​ពាក្យ ឬ​ឃ្លា​ដដែលៗ

វា​កើត​ឡើង​ដោយ​សារ​តែ​គេព្យាយាម​បញ្ចុះបញ្ចូល​អ្នក និង​ខ្លួន​គេ អំពីអ្វីមួយ។ ពួកគេ​ព្យាយាម​ប្រាប់ថា​អ្វីមួយ​ជាការពិត​នៅ​ក្នុង​ចិត្ត​របស់គេ។ ជាឧទាហរណ៍ គេ​អាច​និយាយថា “ខ្ញុំមិន…ខ្ញុំមិន…” ម្ដង​ហើយ​ម្ដងទៀត។ ការ​និយាយ​ស្ទួនៗ​បែបនេះ​ក៏​ជាវ​ិធីមួយ​ដើម្បី​ឲ្យគេ​មាន​ពេល​ដើម្បី​​ប្រមូល​គំនិត​បន្ថែម។

៥)ពួកគេ​ផ្ដល់​ព័ត៌មាន​ច្រើនពេក

នៅពេល​ដែល​នរណាម្នាក់​ចេញ​មក​ផ្ដល់​ឲ្យ​អ្នក​នូវ​ព័ត៌មាន​ច្រើនពេក​ដល់អ្នក ព័ត៌​មាន​ដែល​មិន​ចាំបាច់ ឬ​ក៏​ពេល​ខ្លះ​សេចក្ដី​លម្អិត​ច្រើនពេក វា​គឺ​ច្បាស់​ច្រើន​ណាស់​ថា​គេ​មិន​បាន​ប្រាប់​អ្នក​អំពីការពិត​ឡើយ។ មនុស្ស​កុហក​និយាយ​ច្រើន​ណាស់ ព្រោះពួកគេ​យល់ថា បើគេ​និយាយ​បាន​ច្រើន​​ ផ្ដល់​ព័ត៌មាន​បាន​ច្រើន​ អ្នក​ស្ដាប់​នឹង​ជឿ​លើ​គេ។

៦)ពួកគេ​យក​ដៃ​ទៅ​ប៉ះ​ ឬ​បាំង​ពីលើ​មាត់

សញ្ញា​ដែល​បញ្ជាក់​ថា​មនុស្ស​ម្នាក់កុហក​គឺ​​ដោយ​ស្វ័យ​ប្រវត្តិ​ពួកគេ​និង​យក​ដៃ​មក​បាំង​ពីលើ​មាត់ ព្រោះ​ពួកគេ​មិន​ហ៊ាន​ប្រឈម​នឹង​ការ​ឆ្លើយ​សំនួរ​ណាមួយ។ នៅពេល​ក្មេង​ៗ​យកដៃ​បិទមាត់ ឬ​បបូរ​មាត់ គឺ​មាន​ន័យថា​គេ​មិន​បញ្ចេញ​ការ​សម្ងាត់​អ្វីមួយ​ ព្រោះ​ពួកគេ​មិន​ចង់​ប្រាប់ពីការ​ពិត។ ពួកគេ​ចង់​បង្ហាញថា​ខ្លួន​មិនចង​់​ធ្វើការ​សន្ទនាបន្តទៅទៀត។

៧)ពួកគេ​ដោយ​មិន​ដឹង​ខ្លួន​យក​ដៃ​ទៅ​បាំង​ផ្នែក​សំខាន់​មួយ​ចំនួន​នៃ​រាងកាយ

កន្លែង​សំខាន់ទាំង​នោះរួមមាន​បំពង់ក ទ្រូង ក្បាល ឬពោះជាដើម។ អ្នកអាច​សង្កេត​ឃើញ​សកម្មភាព​បែបនេះ​នៅក្នុងរឿង​បែប​កាត់ក្ដីក្នុង​សាវនាកាជាដើម គឺ​នៅពេល​សក្សី​ឡើង​ផ្ដល់សក្ខីភាព​អំពី​រឿង​ហេតុអ្វីមួយ។

៨)ពួកគេ​ដើរ​រាង​អូសជើង

វាជាកាយ​វិការ​ដែល​មិន​ពិបាក​ស្វែង​រក។ ដំណើរ​រាង​បង្អូសជើង​អាច​ប្រាប់​យើង​បាន​ថា​កម្រិត​នៃ​ការ​កុហក​របស់គេ​កំពុង​តែធ្វើ​ឲ្យគេ​មិន​សុខ​ក្នុងខ្លួន ហើយរសាប់រសល់ខ្លាំង។ វា​ក៏​បង្ហាញ​ឲ្យឃើញ​ផង​ដែល​ថាគាត់​ចង់ចាកចេញពី​ស្ថាន​ភាព​នោះ ហើយ​ចង់​ដើរ​ចេញ​ឲ្យឆ្ងាយ។ នេះ​ជា​វិធី​ស្រួ​លបំផុត​ក្នុងការ​ស្វែង​រក​ថា​គេ​កុហក​ឬអត់ គ្រាន់តែ​មើល​ទៅលើ​ជើង​របស់គេ​អ្នកនឹង​ដឹង​បាន​រឿង​ជាច្រើន។

៩)​វា​ពិត​ជា​ពិបាក​សម្រាប់គេ​ក្នុងការ​និយាយ

ប្រសិន​បើអ្នក​ធ្លាប់​មើ​លរឿង​ច្រើន អ្នក​និង​ឃើញ​ថាត្រង់​ឈុត​ដែល​ជន​សង្ស័យ​ ឬ​ជនជាប់​ចោទនិយាយ​សារភាព​កំហុស​ហើយ​ដែល​ត្រូវ​ថត​សំឡេង​ទុក​ផង​នោះ គឺ​ពួកគេ​ពិត​ជា​មាន​ការ​ពិបាក​ខ្លាំង​ក្នុងការ​និយាយ។ វា​កើត​ឡើង​ដោយសារ​ភាព​តានតឹង​របស់យើង​​បានកាត់បន្ថយ​នូវ​​លំហូរ​ទឹកមាត់​ ដែល​ធ្វើ​ឲ្យ​ស្ងួត​ដល់ភ្នាស់​ទឹក​រំអិល​នៅក្នុងមាត់។ ​កាយវិការ​ផ្សេងទៀត​ដែល​អ្នក​អាច​មើល​ឃើញផង​ដែរ​គឺ​ការ​ខាំមាត់ ឬ​បបូរមាត់។

១០)​ពួកគេ​មើល​មក​អ្នក​ដោយ​មិន​ព្រិចភ្នែក​ច្រើន

ពេល​មនុស្ស​និយាយកុហក គេ​តែង​តែ​គេ​ចចេញពីការមើលភ្នែក​ឲ្យ​បានចំ ប៉ុន្តែ​អ្នកកុហកខ្លះ​អាច​ប្រឹង​មើល​ភ្នែក​អ្នក​ឲ្យ​ចំដើម្បីបំភាន់អ្នក ដែលធ្វើឲ្យគេ​ត្រូវព្យាយាម​ដាក់​ចិត្ត​ដើម្បីមើល​រហូត​ភ្លេច​ដល់ការព្រិចភ្នែក។ ពេល​មនុស្ស​និយាយការពិត​ ពួកគេ​ភាគច្រើន​ម្ដងម្កាល់​ប្ដូរ​ទីតាំង​ភ្នែក និង​មើលទៅនេះ​ទៅនោះ។ មនុស្ស​កុហក​ផ្ទុយ​មកវិញតែង​ព្យាយាម​គ្រប់គ្រង​ក្រសែភ្នែក​ខ្លួនឯង​ឲ្យ​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ជាក់លាក់​បានយូរ។

១១)​ពួកគេ​ចូលចិត្ត​ចង្អុល​ច្រើន

នៅពេ​ល​មនុស្ស​កុហក​ក្លាយ​ជា​អ្នកដែល​ត្រូវ​ការពារ​ពាក្យសម្ដី​ខ្លួន​ឯង គេ​និង​​ប្រឹងប្រែងបង្វែរ​ការចាប់អារម្មណ៍​ទៅលើអ្នក។ គេ​និង​ការពារ​ខ្លួន​ព្រោះ​គេ​ដឹង​ថា​អ្នក​កំពុង​តែ​ចាប់​បាន​ការ​កុហក​របស់គេ ដែលជាលទ្ធផល​គេ​និង​និយាយ​បណ្ដើរ​ចង្អុល​ទៅ​នេះ​ទៅ​នោះ​ជា​ញឹកញាប់។

Like
Like Love Haha Wow Sad Angry
2

Comments

comments