លោក លី-ក្វាន់យូ (Lee Kuan Yew) កើតនៅថ្ងៃទី ១៦ កញ្ញា ១៩២៣។ លោកជានាយករដ្ឋមន្ត្រីដំបូងបំផុតរបស់​សាធារណរដ្ឋសិង្ហបុរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ បន្ទាប់ពីលោកចុះពីតំណែងក៏ដោយ លោកនៅតែជាអ្នកនយោបាយដ៏មានឥទ្ឋិពលម្នាក់នៅសិង្ហបុរី។

លោក លី ក្វាន់យូ ជាកូនចៅជំនាន់ទី៤នៃគ្រួសារចិនសិង្ហបុរីមួយ។ លោកតាទួតរបស់លោកបានធ្វើអន្តោប្រវេសន៍មកពីខេត្តគ័ងដុងប្រទេសចិននៅឆ្នាំ ១៨៦២។ លោកជាកូនប្រុសច្បងរបស់លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo)។ កាលពីកុមារភាព លោកទទួលឥទ្ឋិពល​ពី​វប្បធម៌អង់គ្លេសច្រើន ដោយសារជីតានិងឪពុករបស់លោកដែលបានរៀនសូត្រភាសាអង់គ្លេសបានជ្រៅជ្រះ។ ជីតារបស់លោកដាក់ឈ្មោះជាភាសាអង់គ្លេស មួយដល់លោកថា ហារី បន្ថែមពីលើឈ្មោះជាភាសាចិនរបស់លោកដែលឪពុកលោកដាក់ឲ្យ។ ហេតុនេះលោកតែងត្រូវបានគេហៅថា ហារី ក្នុងចំនោម​មិត្តភក្ដិស្និទ្ឋស្នាល និងគ្រួសាររបស់លោក។

លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ក្វា ហ្គ័កចូ (Kwa Geok Choo)នៅថ្ងៃទី៣០ កញ្ញា ១៩៥០។ លោកមានកូនប្រុស២នាក់និងកូនស្រីម្នាក់។ សមាជិក​គ្រួសារត្រកូលលី ជាច្រើនកាន់តំណែងសំខាន់ៗក្នុងសង្គមសិង្ហបុរី។ កូនប្រុសនិងកូនស្រីរបស់លោកកាន់តំណែងយ៉ាងខ្ពស់ក្នុងជួររដ្ឋាភិបាល។ កូនប្រុសច្បងរបស់លោក គឺលោក លី សៀនលូងដែលជាអតីតឧត្តមសេនីយ៍ម្នាក់ បានក្លាយជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុតាំងពីឆ្នាំ២០០៤។ លោកក៏ជាប្រធានក្រុមហ៊ុនវិនិយោគទុនរបស់រដ្ឋាភិបាលសិង្ហបុរី (Government of Singapore Investment Company) ហើយកូនប្រុសរបស់លោកជាអនុប្រធាន។ កូនប្រុសពៅរបស់លោកឈ្មោះ លី សៀនយ៉ាង ដែលជាអតីតឧត្តមសេនីយ៍ផងនោះ ជានាយក និង​ប្រធានប្រតិបត្តិ​ក្រុមហ៊ុន SingTel (ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយ​នៅសិង្ហបុរី)។ កូនស្រីរបស់លោកឈ្មោះ លី វ៉ីលីង គ្រប់គ្រងវិទ្យាស្ថានវិទ្យាសាស្ត្រសសៃប្រសាទជាតិ (the National Neuroscience Institute)។

លោក លី ក្វាន់យូបានចូលសិក្សានៅសាលាបឋមសិក្សាតេឡុកគូរ៉ៅ(Telok Kurau Primary School), ស្ថាប័ន​រ៉ាហ្វល(Raffles Institution) និង​មហាវិទ្យាល័យរ៉ាហ្វល​(Raffles College)។ ការសិក្សានៅមហាវិទ្យាល័យរបស់លោកត្រូវបានពន្យាពេលដោយសារសង្គ្រាមលោកលើកទី២ និងការចូលមក​កាន់កាប់របស់ជប៉ុនពីឆ្នាំ ១៩៤២​ដល់​១៩៤៥។ ក្នុងរយៈពេលនេះ លោកបានរកស៊ីលក់កាវវិទ្យាសាស្ត្រឈ្មោះ Stikfas យ៉ាងជោគជ័យក្នុងផ្សារងងឹត។ ដោយសារលោកបានរៀនជាភាសាចិន និងជប៉ុនតាំងពីឆ្នាំ១៩៤២ លោកមានសមត្ថភាពក្នុងការបកប្រែសារទូរលេខរបស់ពួកសម្ព័ន្ឋមិត្តឲ្យពួកជប៉ុន។ លោកក៏បានធ្វើជាអ្នកនិពន្ឋផ្នែកភាសាអង់គ្លេសឲ្យមន្ទីរពត៌មានជប៉ុនហូដូប៊ុផងដែរពីឆ្នាំ ១៩៤៣ដល់១៩៤៤។

បន្ទាប់ពីសម័យសង្គ្រាម លោកបានចូលសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យហ្វីតវីលៀម,ខេមប៊្រីដ (Fitzwilliam College, Cambridge) នៅប្រទេសអង់គ្លេស។ លោកបានបញ្ចប់ការសិក្សាដោយបានទទួលសញ្ញាប័ត្រកិត្តិយសថ្នាក់ទី១ផ្កាយ២ (Double Starred First Class honours)។ បន្ទាប់មកលោកចូលរៀនច្បាប់នៅសាលាសេដ្ឋកិច្ចឡិនដិនផងដែរ។ លោកវិលត្រលប់មកសិង្ហបុរីវិញនៅឆ្នាំ ១៩៤៩ ដោយចាប់យកអាជីពជាមេធាវី។

បទពិសោធន៍នយោបាយដំបូងបំផុតរបស់លោកចាប់ផ្ដើមនៅពេលលោកធ្វើជាភ្នាក់ងារបោះឆ្នោតឲ្យចៅហ្វាយរបស់លោកគឺលោក ចន ឡេយខក់ (John Laycock) ក្រោមផ្លាកគណបក្សឆ្ពោះទៅមុខ (Progressive Party)(និន្នាការអង់គ្លេស) នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិ(Legislative Council Elections)​នៅឆ្នាំ ១៩៥១។ ប៉ុន្តែលោកបានសំឡឹង​ឃើញថាអនាគតរបស់គណបក្សនេះមានភាពស្រពិចស្រពិលដោយគ្មាន​អ្នកគាំទ្រទ្រង់ទ្រាយធំ ជាពិសេស​ពី​សំនាក់វណ្ណៈកម្មករនិយាយភាសាចិន។ ការបំបែកខ្លួនរបស់លោកធ្វើឡើងនៅពេលលោកធ្វើជាទីប្រឹក្សាច្បាប់ឲ្យសហព័ន្ឋនិស្សិត និង​ពាណិជ្ជកម្ម ដែលការណ៍​នេះបានផ្ដល់ឱកាសដល់លោកក្នុងការធ្វើទំនាក់ទំនងជាមួយវណ្ណៈកម្មករជនជាតិចិន។

នៅថ្ងៃទី២១ វិច្ឆិកា ១៩៥៤ លោកជាមួយមិត្តភក្តិវណ្ណៈកណ្ដាលដែលមានការសិក្សាផ្នែកភាសាអង់គ្លេសមួយក្រុម បានរួមគ្នាបង្កើត​គណបក្សសង្គមនិយម​មួយ​ឈ្មោះ គណបក្សសកម្មភាពប្រជាជន (People’s Action Party ហៅកាត់ថា PAP) និងមានសម្ព័ន្ធ​ភាពជាមួយសហព័ន្ឋពាណិជ្ជកម្មដែលគាំទ្ររបបកុំម្មុយនីស។ ពួកគេមានគោលដៅរួមក្នុងការជម្រុញឲ្យ​មានរដ្ឋាភិបាលផ្ទាល់ខ្លួន និងបញ្ចប់ការគ្រប់គ្រងពី​អាណានិគមអង់គ្លេស។ លោកត្រូវបានគេជ្រើសរើសឲ្យធ្វើជា​អគ្គលេខាធិការសម្ព័ន្ធ​ភាព។

នៅក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៩ PAPដណ្ដើមបាន៤៣កៅអីក្នុងចំនោម៥១កៅអីក្នុងសភា។ សិង្ហបុរីបានទទួលស្វ័យភាពគ្រប់គ្រងលើគ្រប់ផ្នែក លើកលែង​តែវិស័យការពារជាតិ និងទំនាក់ទំនងការបរទេស។ លោក លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីទី១នៃរដ្ឋសិង្ហបុរីនៅថ្ងៃទី៣ មិថុនា ១៩៥៩។ បន្ទាប់ពី​ទទួល​បាន​ស្វ័យភាពពីអង់គ្លេស លោកបានជួបបញ្ហាជាច្រើនដូចជា វិស័យអប់រំ ការផ្ដល់ជម្រក​ និងភាពអត់ការងារធ្វើ។ ដើម្បីឆ្លើយតបនឹងកង្វះទីជម្រក​ លោកបានបង្កើតឲ្យ​​មាន​គណៈកម្មាធិការផ្ដល់ជម្រក​ និងអភិវឌ្ឍន៍(Housing and Development Board)។ គណៈ​កម្មាធិការនេះជាភ្នាក់ងារអនុវត្តកម្មវិធីសាងសង់ជម្រក​សាធារណៈ​ទ្រង់ទ្រាយធំ ដើម្បីកាត់កង្វះខាតផ្ទះសម្បែង។

បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡាយ៉ា លោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman) ស្នើឲ្យមានការបង្កើតជាសហព័ន្ឋមួយដែលរួមមាន ម៉ាឡាយ៉ា សិង្ហបុរី សាបា និង សារ៉ាវ៉ាក់ នៅឆ្នាំ ១៩៦១, លោក លី ក្វាន់យូបានចាប់ផ្ដើមយុទ្ឋនាការក្នុងការច្របាច់បញ្ចូលជាមួយម៉ាឡេស៊ីនេះ ដើម្បីបញ្ចប់ជាស្ថាពរ​របប​អាណានិគមអង់គ្លេស។ ដើម្បីបញ្ជាក់ថាប្រជាជនគាំទ្រលោក លោកបានប្រើលទ្ឋផលនៃការការបោះឆ្នោតក្នុងសមាជឆ្នាំ១៩៦២ ដែលពេលនោះលោកទទួលបាន​សំលេង​គាំទ្រ ៧០%។ តែលោកបានជួបបញ្ហាជាមួយពួកកុំម្មុយនីសដែលជំទាស់យ៉ាងដាច់អហំការចំពោះសំនើនេះ។

សិង្ហបុរីបានចូលជាផ្នែកមួយនៃសហព័ន្ឋម៉ាឡេស៊ីនៅថ្ងៃទី១៩ កញ្ញា ១៩៦៣។ ប៉ុន្តែចាប់ពីពេលនោះមក មានភាពរកាំរកូតជាប់ជានិច្ចស្ដីអំពីតួនាទីជនជាតិចិន​ក្នុងវិស័យនយោបាយ រហូតដល់មានកុបកម្ម និងការប្រយុទ្ឋគ្នានៅឆ្នាំ១៩៦៤ រវាងជន​ជាតិ​ចិន និងម៉ាឡេ។ កុបកម្មកើតឡើងជាបន្តបន្ទាប់ ហើយទំនិញចេះតែ​ឡើង​ថ្លៃ។ ដោយមិនអាចដោយស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនេះបាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ បានសម្រេច​ចិត្តដកសិង្ហបុរីពីសហព័ន្ឋ។ លោក លី ក្វាន់យូបានចុះហត្ថលេខាបំបែកខ្លួននៅថ្ងៃទី ៧ សីហា ១៩៦៥ និងបានពិភាក្សាអំពីទំនាក់ទំនងសិង្ហបុរី-ម៉ាឡេស៊ី នៅក្រោយការបំបែកខ្លួន និងធានា​នូវ​កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការពារជាតិ។

ការបរាជ័យនៃការច្របាច់បញ្ចូលគ្នាធ្វើឲ្យលោក លី ក្វាន់យូមានការខកចិត្តជាខ្លាំង ព្រោះលោកជឿតាំងពីដើមមកថាការបំបែកខ្លួននេះជាបញ្ហា​អាយុជីវិតរបស់​សិង្ហបុរី។ នៅក្នុងសន្និសិទសារពត៌មានមួយដែលត្រូវបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកបានសម្ដែង​នូវអារម្មណ៍នៃការខកចិត្តយ៉ាងធ្ងន់ធ្ងរ​ក្នុងពេលលោក​ប្រកាសទៅប្រជាជនសិង្ហបុរីអំពីការបំបែកខ្លួននោះ។ ខាងក្រោមនេះជាសម្ដី​របស់លោកក្នុងសន្និសីទនោះ៖

«សម្រាប់​ខ្ញុំ នេះជាវេលាដ៏ឈឺចាប់ទាំងផ្លួវកាយ និងផ្លូវចិត្ត។ ក្នុងមួយឆាកជីវិតរបស់ខ្ញុំ ខ្ញុំតែងប៉ងឲ្យមានការរួបរួមរវាងដែនដីទាំង២…ឥឡូវ ខ្ញុំ,លី ក្វាន់យូ នាយក​រដ្ឋមន្ត្រីនៃសិង្ហបុរី សូមប្រកាសជាផ្លូវការជួសមុខឲ្យប្រជាជន និងរដ្ឋាភិបាលសិង្ហបុរីថា ចាប់ពីថ្ងៃនេះគឺថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ទៅ សិង្ហបុរីនឹងក្លាយជា​ប្រជាជាតិឯករាជ្យ និងប្រជាធិបតេយ្យជារៀងរហូត។ ប្រជាជាតិនេះនឹងឈរលើគោលការណ៍សេរីភាព និងយុត្តិធម៌ សម្ដៅ​ស្វែងរកនូវសុខុមាលភាព​ និង​សុភមង្គល​ជូនសង្គមមួយដែលប្រជាជនគ្រប់រូបមានសិទ្ឋិស្មើ​គ្នាយ៉ាងពិតប្រាកដ។»

នៅថ្ងៃដដែល រដ្ឋាភិបាលម៉ាឡេស៊ីក៏បានអនុម័តសម្រេច​កាត់ផ្ដាច់សិង្ហបុរីចេញពីម៉ាឡេស៊ី ហើយសាធារណរដ្ឋសិង្ហបុរីក៏បានលេចរូបរាងឡើង។ បញ្ហាកង្វះធនធានធម្មជាតិ​របស់សិង្ហបុរី តម្រូវ​ឲ្យសិង្ហបុរីពឹងផ្អែកលើម៉ាឡេស៊ីស្ទើរទាំងស្រុង ធ្វើឲ្យសមត្ថភាពការពារជាតិរបស់សិង្ហបុរីមានកម្រិត​។ នេះជាឧបសគ្គដ៏ចំបងដែល លោក លី ក្វាន់យូ និង រដ្ឋាភិបាលសិង្ហបុរី ត្រូវប្រឈមមុខ។

នៅក្នុងជីវប្រវត្តិរបស់លោក លី ក្វាន់យូបានពោលថាគាត់មិនដែលបានគេងលក់ស្រួល និងបានធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃក្រោយពីសិង្ហបុរីបានឯករាជ្យ។ លោកចាប់​ផ្ដើម​ស្វែងរកការទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីពីមជ្ឍដ្ឋានពិភពលោក។ សិង្ហបុរីបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ២១ កញ្ញា ១៩៦៥ និង​បាន​ចូលរួមជាមួយប្រទេស៤ទៀតក្នុងការបង្កើត​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី ៨ សីហា ១៩៦៧។ លោកបានធ្វើទស្សនកិច្ច​ជាលើកដំបូង​ទៅ​ប្រទេស​ឥណ្ឌូនេស៊ីនៅឆ្នាំ១៩៧៣ ធ្វើឲ្យទំនាក់ទំនងសិង្ហបុរី និងឥណ្ឌូនេស៊ីកាន់តែប្រសើរឡើង។

សិង្ហបុរីគ្មានវប្បធម៌ជាធំដុំ ហើយក៏គ្មានភាសារួមដែរ។ តែក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល លោក លី ក្វាន់យូ បានព្យាយាមកសាងនូវអត្តសញ្ញាណរួមគ្នា​មួយសម្រាប់​​ប្រជាជន​សិង្ហបុរី។ លោកនិងរដ្ឋាភិបាលលោក បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការប្រកាន់គោលការណ៍នៃការអនុគ្រោះគ្នារវាងសាសនា និង​ការចុះសម្រុង​គ្នារវាងជាតិសាសន៍នានា។ រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ច្បាប់ប្រឆាំង និងអំពើទាំងឡាយណា ដែលញុះញុង​ឲ្យមាន​អំពើហិង្សារវាងសាសនា និងជាតិសាសន៍ក្នុងរដ្ឋបាលក្រោយឯករាជ្យរបស់លោក លី ក្វាន់យូមានកង្វល់សំខាន់ៗ៣គឺ សន្តិសុខជាតិ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គម។

សន្តិសុខជាតិ

សិង្ហបុរីស្ថិតនៅក្រោមការគម្រាម​កំហែងយ៉ាងខ្លាំងពីសំនាក់ចលនាកុំម្មុយនីសនៅឥណ្ឌូនេស៊ី និងចលនានៅម៉ាឡេស៊ីក្នុងការទាមទារយកសិង្ហបុរីមកវិញ។ ក្រោយពីសិង្ហបុរីចូលជាសមាជិកអង្គការសហប្រជាជាតិ លោកបានស្វែងរកការទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីពីសំនាក់អន្តរជាតិ។ លោកបានប្រកាសនូវគោល​នយោបាយអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ឋ តាមគំរូប្រទេសស្វីស។ នៅពេលជាមួយគ្នានោះ លោកបានបញ្ជាឲ្យលោក ហ្គោស កេងស្វី (Goh Keng Swee) បង្កើតកងកម្លាំង​ប្រដាប់អាវុធសិង្ហបុរី (Singapore Armed Forces) និងបានសុំជំនួយពីបរទេសផ្នែកប្រឹក្សា ហ្វឹកហ្វឺន និងសម្ភារៈបរិក្ខារផ្សេងៗ។

ពេលដែលដឹងថាអង់គ្លេសមានគោលបំនងកាត់បន្ថយទ័ពពីសិង្ហបុរី និងម៉ាឡេស៊ី លោក លី និង ហ្គោស បានដាក់ឲ្យមានច្បាប់កាតព្វកិច្ចយោធា។ រដ្ឋាភិបាល​បានចាប់ផ្ដើមទិញគ្រឿងសព្វាវុធដូចជារថក្រោះ និងយន្ដហោះចំបាំង និងហ្វឹកហាត់អ្នកបើកបរយន្ដហោះផ្ទាល់ខ្លួន។ ក្រោយមកសិង្ហបុរីមានលទ្ឋភាពកសាង​ទំនាក់ទំនងផ្នែកយោធាជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀត។ សិង្ហបុរីមានភាពរឹងមាំក្នុងការការពារជាតិក្រោយពីអង់គ្លេសបានដកទ័ពចេញនៅថ្ងៃទី ៣១ តុលា ១៩៧១។

បញ្ហាសេដ្ឋកិច្ច

លោក លី ក្វាន់យូបាននាំសិង្ហបុរីឆ្ពោះទៅរកឧស្សាហនីយកម្ម។ នៅឆ្នាំ ១៩៦១ គណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ច (the Economic Development Board) ត្រូវបានបង្កើតក្នុងនាទីទាក់ទាញវិនិយោគទុនបរទេស ដែលអាចផ្ដល់​ចំនូល​ពន្ឋ​ជូន​រដ្ឋ ក៏ដូចជាផ្ដល់ការងារដល់កម្លាំង​ពលកម្មមានជំនាញខ្ពស់ មានវិន័យតែយក​ប្រាក់ខែទាប។ រដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ឋទំនើបៗដូចជាអាកាសយាន្តដ្ឋាន កំពង់ផែ ផ្លូវថ្នល់ និងបណ្ដាញទូរគមនាគមន៍ជាដើម។ គណៈ​កម្មាធិការជម្រុញ​វិស័យទេសចរណ៍សិង្ហបុរី (the Singapore Tourists Promotion Board) ត្រូវបានបង្កើតក្នុងនាទីជម្រុញ​វិស័យទេសចរណ៍ ដែលក្រោយមក​បាន​បង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងចំនូលថវិការជាតិយ៉ាងសម្បើម​។ រដ្ឋាភិបាលសម្រេច​បានការកាត់បន្ថយអត្រានៃអ្នកអត់ការងារធ្វើពី ១៤%ក្នុងឆ្នាំ១៩៦៥ មកត្រឹម៤.៥%ក្នុងឆ្នាំ១៩៧៣។ ទោះជាយ៉ាងណាក៏ដោយ នៅមានបញ្ហាមួយចំនួនទៀតដូចជាមូលធនភាគច្រើនស្ថិតក្នុងកណ្ដាប់ដៃជន​បរទេស។

ការបង្កើតភាសាផ្លូវការ

លោកលី បន្តឲ្យប្រើភាសាអង់គ្លេសរួមគ្នានៅកន្លែងធ្វើការ និងទំនាក់ទំនងរវាងជាតិសាសន៍ផ្សេងគ្នា។ ជាមួយគ្នានោះ លោកក៏ទទួលស្គាល់ភាសាម៉ាឡេ ភាសាចិន និងភាសាតាមិល ថាជាភាសាផ្លូវការទាំង៣ផ្សេងទៀត។ សាលាសាធារណៈទាំងអស់ប្រើប្រាស់ភាសាអង់គ្លេសជាភាសាយាន្តក្នុងការអប់រំ។ តែក៏មានមេរៀនជាភាសាកំនើតរបស់ពួកគេដែរ។

លោកលី ក្វាន់យូមិនគាំទ្រការប្រើប្រាស់ភាសាចិនមិនមែនកុកងឺទេ(ដូចជាភាសាចិនហុកគាន ចិនទាជីវ និង ចិនកន្តាំង) និងជម្រុញ​ឲ្យ​មានការប្រើតែ​ភាសាចិនកុកងឺជាភាសាកំនើតសម្រាប់​ជនជាតិចិន ដើម្បីឲ្យមានឯកភាពភាសាក្នុងទំនាក់ទំនងក្នុងសហគមន៍ចិន។ លោកបានចាប់ផ្ដើម​យុទ្ឋនាការនិយាយភាសាចិនកុកងឺ (Speak Mandarin Campaign) ជាផ្លូវការ។ លោកបានបំបិទកម្មវិធីផ្សព្វផ្សាយតាមទូរទស្សន៍ដែលមិនប្រើភាសាចិនកុកងឺ លើកលែង​តែព័ត៌មាន និងរឿងភាគ ដើម្បីតម្រូវ​ចិត្តទូរទស្សនិកជនចំនាស់ៗ។ តែទោះជាយ៉ាងណាយុទ្ឋនាការនេះពិតជាមានប្រសិទ្ឋភាព។ ចាប់តាំងពីពេលនោះ​មកយុវជនជនជាតិចិនសិង្ហបុរីមិនអាចនិយាយភាសាចិនកំនើតរបស់ខ្លួនដែលមិនមែនកុកងឺបានល្អទេ។ បន្តិចម្ដងៗ ពួកគេមានការពិបាកក្នុងការទំនាក់ទំនង​ជាមួយជីដូនជីតារបស់ពួកគេ។

នៅទសវត្សរ៍ឆ្នាំ៧០ និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យណានយ៉ាង (Nanyang University)ដែលនៅពេលនោះប្រើប្រាស់ភាសាចិននៅឡើយ ជួបនឹងបញ្ហាពិបាករកការងារធ្វើព្រោះពួកគេខ្សោយភាសាអង់គ្លេស។ ស្ថាប័ន​សាធារណៈនានាត្រូវការតែកម្លាំង​ពលកម្មដែលអាចប្រើប្រាស់​ភាសាអង់គ្លេស​ប៉ុណ្ណោះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក​លី ក្វាន់យូបានច្របាច់បញ្ជូនសាកលវិទ្យាល័យណានយ៉ាងចូលក្នុងសាកលវិទ្យាល័យសិង្ហបុរី និងដាក់ឈ្មោះថ្មី​ឲ្យស្ថាប័នទាំង២នេះថា សាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។ ចលនានេះផ្ដល់​ផល​ប៉ះ​ពាល់យ៉ាងខ្លាំងដល់​សាស្ត្រាចារ្យ និង​គ្រូដែលនិយាយភាសាចិន ដោយពួកគេត្រូវប្ដូរមកបង្រៀនជាភាសាអង់គ្លេសវិញ។

គោលនយោបាយរដ្ឋាភិបាល

ដូចបណ្ដាប្រទេសមួយចំនួនដែរ សិង្ហបុរីបានជៀសផុតពីជម្ងឺ​ពុករលួយ។ លោក លី ក្វាន់យូបានដឹងយ៉ាងច្បាស់ថាអំពើពុករលួយពិតជាធ្វើឲ្យ​ប្រទេសជាតិ​អន្តរាយ តួយ៉ាងដូចជារដ្ឋាភិបាលអ្នកជាតិនិយមនៅប្រទេសចិនជាដើម។ លោកបានបង្កើតច្បាប់ដែលផ្ដល់អំណាច​ដ៏ខ្លាំងដល់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (Corrupt Practices Investigation Bureau) ក្នុងការឃាត់ខ្លួន ស្វែងរក ហៅសាក្សី និងស៊ើបអង្កេតគណនីធនាគារ​ និងពន្ឋពីចំនូលរបស់បុគ្គលនិងគ្រួសារដែលគេសង្ស័យថាបាន​ប្រព្រឹត្តអំពើពុករលួយ។ ដោយមានការគាំទ្រពីលោក លី ក្វាន់យូ ការិយាល័យនេះមានអំណាច​​ស៊ើប​អង្កេត​លើមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់។ គេបានរកឃើញរដ្ឋមន្ត្រីជាច្រើនដែលបានប្រព្រឹត្តអំពើពុករលួយ។ លោកជឿថារដ្ឋមន្ត្រីទាំងអស់គួរតែមាន​ប្រាក់ខែ​សមរម្យ ដើម្បីឲ្យពួកគេស្អាតស្អំ និងស្មោះត្រង់នឹងរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៤ លោក​បានស្នើតម្លើង​ប្រាក់ខែដល់រដ្ឋមន្ត្រី ចៅក្រម និងមន្ត្រីរាជការកំពូលៗ ឲ្យ​មានប្រាក់ខែស្មើនឹងអ្នកអាជីព (professionals) កំពូលៗក្នុងវិស័យឯកជនដែរ។ លោកអះអាងថាការធ្វើបែបនេះ និងទាក់ទាញ​អ្នកមានទេពកោសល្យ​ពិតប្រាកដ​ឲ្យចូលបម្រើ​ការងាររដ្ឋបាន។

នៅក្នុងទសវត្សរ៍៦០ ដោយភ័យខ្លាចថាកំណើន​ប្រជាជនអាចជាឧបសគ្គដល់ការរីកចម្រើន​សេដ្ឋកិច្ច, លោកលី ក្វាន់យូបានបើកយុទ្ឋនាការផែនការគ្រួសារ​ដែលតម្រូវ​​ឲ្យ​មានកូនត្រឹមតែ២នាក់។ គូស្វាមីភរិយានានាត្រូវបានគេលើកទឹកចិត្តឲ្យពន្យាកំណើតបន្ទាប់ពីមានកូនលើកទី២។ កូនទី៣និងទី៤ត្រូវបានគេផ្ដល់អាទិភាព​ទាបជាងក្នុងវិស័យអប់រំ ហើយគ្រួសារបែបនោះទទួលបានប្រាក់សំណង​ពន្ឋ្ឋ(tax rebates)តិចជាងគ្រួសារធម្មតា។

នៅឆ្នាំ ១៩៨៣ លោកលី ក្វាន់យូបានបង្កើតកិច្ចពិភាក្សាទ្រង់ទ្រាយធំអំពីការរៀបការ (the Great Marriage Debate) ដែលនៅពេលនោះលោកបាន​ជម្រុញ​ឲ្យ​​បុរសៗ​យកភរិយាដែលមានការសិក្សាខ្ពស់។ លោកមានការបារម្ភអំពីកំណើន​ស្ត្រីដែលរៀនសូត្រជ្រៅជ្រះតែមិនរៀបការ។ ទស្សនៈនេះបានធ្វើឲ្យ​មជ្ឍដ្ឋាន​ស្ត្រី​ចប់ឧត្តមសិក្សាមានការខកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពអភិវឌ្ឍសង្គម (Social Development Unit) ត្រូវបានបង្កើតដើម្បីធ្វើមេអណ្ដើកដល់​បុរសនិង​ស្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តម។ លោកក៏បានផ្ដល់ការលើកទឹកចិត្តដូចជាសំនងពន្ឋ(tax rebates) អាទិភាពសិក្សា និង ផ្ទះសម្បែង​ដល់ស្ត្រី​ជាម្ដាយ​ដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តម និងមានកូនលើសពី២នាក់។ មកទល់ចុងទសវត្សរ៍៩០ អត្រាកំណើត​បានធ្លាក់ចុះទាបរហូតធ្វើឲ្យរដ្ឋាភិបាលលោក ហ្គោស ចុកតុង (នាយករដ្ឋមន្ត្រីបន្តពីលោក លី ក្វាន់យូ) មានលទ្ឋភាពពង្រីកការលើកទឹកចិត្តនេះដល់ស្ត្រីដែលរៀបការទាំងអស់ និងបានបន្ថែមឲ្យមាន ប្រាក់លើកទឹកចិត្តបន្ថែមពេលមានកូន(Baby bonus)។

បន្ទាប់ពីនាំ PAP ឲ្យទទួលជោគជ័យក្នុងការបោះឆ្នោត៧ដងរួចមក លោក លី ក្វាន់យូបានចុះចេញពីតំណែង​នៅថ្ងៃទី ២៨ វិច្ឆិកា ១៩៩០ និងប្រគល់តំណែង​នាយករដ្ឋមន្ត្រីបន្តឲ្យលោកហ្គោស ចុកតុង។ លោក លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែង​យូរជាងគេនៅលើពិភពលោក។ ការផ្ទេរតំណែង​នេះបញ្ជាក់ពីការផ្ទេរអំនាចដល់អ្នកដឹកនាំជំនាន់ក្រោយ ហើយអ្នកដឹកនាំមុនៗក៏ចូលនិវត្តន៍។ លោក លី ក្វាន់យូចុះចេញពីតំណែង​ដោយមានសុខភាព​នៅតែរឹងមាំនិងមានសតិបញ្ញារហ័សរហួន។ លោកបានដកខ្លួនឆ្ងាយពីមេដឹកនាំអាស៊ីដទៃទៀតដូចជា ម៉ៅ សេទុង, ស៊ូហារតូ, ហ្វើឌីណាន់ ម៉ារកូស និង នេ វីន ជាដើម។

ពេលលោក ហ្គោស ចុកតុងក្លាយជាប្រមុខរដ្ឋាភិបាលក៏ដោយ លោក លី ក្វាន់យូនៅតែមានតំណែង​ក្នុងគណរដ្ឋមន្ត្រី ក្នុងឋានៈជាទេសរដ្ឋមន្ត្រី មាននាទីជាទីប្រឹក្សារដ្ឋាភិបាល។ នៅចំពោះមុខសាធារណជនលោក លី ក្វាន់យូ ហៅលោកហ្គោ ចុងតុង ថាជា «នាយករដ្ឋមន្ត្រីរបស់ខ្ញុំ» ជាការគោរពដល់អាជ្ញាធម៌លោកហ្គោស ចុកតុង។ យោបល់របស់លោក លី ក្វាន់យូ នៅតែមានឥទ្ឋិពលចំពោះសាធារណជន និងគណរដ្ឋមន្ត្រី។ លោកត្រៀមខ្លួនជានិច្ចនៅពេលដែលប្រទេសជាតិត្រូវការលោក ដូចកាលលោកមានប្រសាសន៍នៅថ្ងៃបុណ្យជាតិ(National Day)ឆ្នាំ ១៩៨៨ថា៖ «ទោះបីជាខ្ញុំធ្លាក់ខ្លួនឈឺ និងរៀបចូលមជ្ឈូសក៏ដោយ ខ្ញុំនឹងងើបឡើងវិញបើខ្ញុំមានអារម្មណ៍ថាប្រទេសជាតិខ្ញុំជួបបញ្ហា»។

លោកបានចុះចេញពីតំនែងជាអគ្គលេខាធិការរបស់ PAP និងបន្តតំណែង​នេះឲ្យលោក ហ្គោស ចុកតុង នៅខែវិច្ឆិកា ឆ្នាំ១៩៩២។ លោកបានដកខ្លួនថយ​ឈប់ប្រឡូក​ទំនាក់ទំនងផ្លូវរដ្ឋជាមួយរដ្ឋាភិបាលនានានៅអាស៊ាន ដើម្បីកុំឲ្យមានការខ្វែងគ្នាជាមួយអ្នកបន្តតំណែង​ពីលោក គឺលោក ហ្គោស ចុកតុង។

នៅថ្ងៃទី១២ សីហា ២០០៤ លោក ហ្គោស ចុកតុងបានផ្ទេរតំណែង​ដល់កូនប្រុសច្បងរបស់លោក លី ក្វាន់យូ គឺលោក លី សៀនលូង។ លោក ហ្គោស ចុកតុងបានក្លាយជាទេសរដ្ឋមន្ត្រី ហើយលោកលី ក្វាន់យូបានទទួលតំនែងថ្មីជារដ្ឋមន្ត្រីគំរូដែលមាននាទីផ្ទេរបទពិសោធន៍ដល់អ្នកដឹកនាំវ័យក្មេង។

ទាក់ទិននឹងបញ្ហាច្បាប់ស្ដីអំពីល្បែងស៊ីសង លោក លី ក្វាន់យូពោលថា ខ្លួនលោកផ្ទាល់ជំទាស់ទាំងស្រុងនឹងល្បែងស៊ីសង។ ប៉ុន្តែលោកមិនបានជំទាស់នឹងសំនើ​របស់កូនប្រុសលោកក្នុងការអនុញ្ញាតឲ្យមានបនល្បែង (Casino) នៅក្នុងប្រទេសទេ ដោយបានពោលថា «ការឲ្យមានឬគ្មានបនល្បែងជាអ្វីដែល​អ្នកដឹកនាំថ្មីត្រូវសម្រេច​ចិត្ត»។

លោកបានបង្ហាញពីការបារម្ភពីការធ្លាក់ចុះសមត្ថភាពប្រើភាសាចិនរបស់ក្មេងសិង្ហបុរីជំនាន់​ក្រោយ។ នៅក្នុងសន្ទរកថាមួយក្នុងសភា លោកបានថ្លែងថា «ជនជាតិសិង្ហបុរីត្រូវតែរៀនប្រើទាំងភាសាអង់គ្លេសនិងភាសាចិនកុកងឺឲ្យបានច្បាស់លាស់​»។ លោកបានបង្កើតឲ្យមាន​កម្មវិធីទូរទស្សន៍​មួយនៅ​ឆ្នាំ២០០៥ ដើម្បីទាក់ទាញទស្សនិកជនក្មេងៗឲ្យរៀនភាសា​ចិន​កុក​ងឺ។

នៅខែមិថុនា២០០៥ លោកបានបោះពុម្ពសៀវភៅមួយក្បាលឈ្មោះ Keeping My Mandarin Alive (រក្សាភាសា​ចិន​កុកងឺ​របស់ខ្ញុំឲ្យមានជីវិតតទៅទៀត) ដែលបរិយាយអំពីការព្យាយាមជាច្រើនទសវត្សរ៍របស់លោកក្នុងការរៀនភាសា​ចិនកុកងឺឲ្យបានច្បាស់លាស់។ លោកបានពោលថា «…ដោយសារខ្ញុំមិនបានប្រើវាច្រើន ភាសានេះបានរលុបពីខួរក្បាលខ្ញុំជាបណ្ដើរៗ។ ហេតុនេះខ្ញុំត្រូវតែស្រោចស្រង់វាឡើងវិញ។ នេះជាបញ្ហាដ៏លំបាកព្រោះការរៀនវាពេលដែលអ្នកធំហើយ​ វាខុសពីកាលពីក្មេង។»

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍CCTVនៅថ្ងៃទី១២ កក្កដា ២០០៥ លោកបានសង្កត់ធ្ងន់អំពីការឲ្យមានអ្នកមានទេពកោសល្យបន្តក្នុងការដឹកនាំប្រទេស ដោយមានប្រសាសន៍ថា៖ «យើងត្រូវចេះរកការងារ និងសកម្មភាពដែលត្រូវនឹងខ្លួនយើងនៅក្នុងពិភពមួយផ្សេងទៀត។ នៅគ្រប់ជ្រុងនៃពិភពលោក មិនខ្វល់ថា​ខ្លួនយើងតូចក៏ដោយ យើងត្រូវតែអាចធ្វើការងារមួយដែលមានប្រយោជន៍ដល់ពិភពលោក។ ដើម្បីសម្រេចការងារនេះបាន យើងត្រូវការជាចំបាច់នូវអ្នកដឹកនាំ​សម្រាប់សម្រេចចិត្តនិងមានទស្សនវិស័យល្អ មានប្រាជ្ញា និងមានការបើកចំហរចំពោះគំនិតថ្មី និងជាបុគ្គលដែលអាចផ្ដល់ឱកាសឲ្យ​ពួកយើងអាចធ្វើវាបាន។ ការងាររបស់ខ្ញុំគឺស្វែងរកអ្នកបន្តតំណែងពីខ្ញុំ។ ហេតុនេះនឹងមានការបន្តអំណាចទៅឲ្យ​បុគ្គលមានទេព្យកោសល្យ មានការប្ដេជ្ញាចិត្ត ស្មោះត្រង់ និងមានសមត្ថភាព​ធ្វើអ្វីៗមិនមែនបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន តែឲ្យ​ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ បើគេអាចធ្វើការងារនេះបាន គេនឹងអាចបន្តវាទៅ​ជំនាន់​ក្រោយៗ​ទៀត។ ពេលវេលានៃការបែកបាក់គ្នា វាបានបញ្ចប់ទៅហើយ»។

ក្នុងរយៈពេល៣ទសវត្សរ៍ក្រោមការដឹកនាំរបស់លោកលី ក្វាន់យូ សិង្ហបុរីបានប្រែក្លាយខ្លួនពីប្រទេសកំពុងអភិវឌ្ឍមកជាប្រទេសអភិវឌ្ឍឈានមុខគេមួយនៅអាស៊ី ទោះជាប្រទេសនេះមានប្រជាជនតិច ផ្ទៃដីតូច និងកង្វះខាតធនធានធម្មជាតិក៏ដោយ។ លោក លី ក្វាន់យូតែងពោលជារឿយៗថា ធនធានធម្មជាតិតែមួយគត់​របស់សិង្ហបុរីគឺប្រជាជនសិង្ហបុរីនិងសីលធម៌ការងាររឹងមាំរបស់វា។ លោកត្រូវបានប្រជាជនសិង្ហបុរីជាពិសេស​មនុស្សជំនាន់មុន ភាគច្រើនគោរព និងចងចាំនូវការ​ដឹកនាំដ៏ត្រឹមត្រូវរបស់លោកក្នុងសម័យទទួលបានឯករាជ្យ និងពេលផ្ដាច់ខ្លួន​ពីម៉ាឡេស៊ី។ លោកត្រូវបានគេឲ្យ​តម្លៃ​ជាបិតា​ស្ថាបនិកនៃវិបុលភាពសិង្ហបុរីបច្ចុប្បន្ន ទោះជាវាជាស្នាដៃរួមជាមួយឧបនាយករដ្ឋមន្ត្រី លោក ហ្គោស កេងស្វី ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក៏ដោយ។

លោក លី ក្វាន់យ៉ូ ជាពន្លឺដ៏ចែងចាំងមួយសម្រាប់បំភ្លឺ ផ្លូវអ្នកជំនាន់ក្រោយក្នុងការបំពេញបេសកកម្មអភិវឌ្ឍប្រទេសជាតិចេញពីភាពក្រីក្រ ឲ្យក្លាយជាប្រទេសរីក ចម្រើនជឿនលឿន។ គួរឲ្យសោកស្តាយ ពន្លឺដ៏ចែងចាំង នេះបានលាចាកពិភព​លោកយើងទៅនៅថ្ងៃទី ២២ មីនា ឆ្នាំ ២០១៥ ​ដោយបន្សល់ទុកនូវមរតកនៃភាពជាអ្នកដឹកនាំ និង គតិបណ្ឌិតល្អៗជាច្រើនសម្រាប់អ្នកជំនាន់ក្រោយរៀនសូត្រនិង យកតម្រាប់តាម។ វាជារឿងដ៏ល្អប្រពៃ បើប្រទេសកម្ពុជាអាចបណ្តុះបានអ្នកដឹកនាំល្អៗដូចលោក លី ក្វាន់យ៉ូ ដែលអាចដឹកនាំប្រជាជាតិមួយដែលធ្លាប់ស្គាល់ ភាពរុងរឿងកាលពី ១.០០០ឆ្នាំមុន ឲ្យមានភាពរុងរឿង​ជាថ្មីឡើងវិញនៅក្នុងយុគសម័យថ្មីនេះ។

លោក លី ក្វាន់យូបានសរសេរសៀវភៅ២ក្បាលអំពីបទពិសោធន៍របស់លោក។

The Singapore Story (ISBN 0-13-020803-5) (រឿងរ៉ាវរបស់សិង្ហបុរី)៖ រៀបរាប់អំពីទស្សនៈផ្ទាល់ខ្លួនរបស់លោកអំពីប្រវត្តិសាស្ត្រសិង្ហបុរីមុនពេលផ្ដាច់ខ្លួនពីម៉ាឡេស៊ី​នៅឆ្នាំ ១៩៦៥
From Third Word to First: The Singapore Story (ISBN 0-06-019776-5) (ពីប្រទេសតតីយលោកមកជាប្រទេសរីកចំរើន៖ រឿងរ៉ាវរបស់សិង្ហបុរី) ៖ និយាយអំពីការរួមចំនែករបស់លោកក្នុងការប្រែក្លាយប្រទេសសិង្ហបុរីជាប្រទេសអភិវឌ្ឍ។

Like
Like Love Haha Wow Sad Angry
1

Comments

comments