លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ​ និង អ្នកនិពន្ធ​ខ្មែរ​ម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិត​របស់​លោក​ដើម្បីសរសេរ​ស្នាដៃប្រវត្តិសាស្ត្រ អក្សរ​សិល្ប៍​ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។ លោកត្រូវ​បានគេស្គាល់តាមរយៈកិច្ចការជាអ្នកសារព័ត៌មាន​នៃ​វិទ្យុ​បារាំងអន្តរ​ជាតិ​ផ្សាយជាខេមរៈភាសា​ ហើយ​លោកត្រូវ​បាន​ចាត់ទុក​ថា​ជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូប​ដែល​គេ​ពុំ​ត្រូវមើលរំលងឡើយ។

លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំង​របស់​លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋាន​សង្គម​​​ខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លង​​កាត់​​ក្តីដែរ តែពុំទាន់បានយល់ជ្រួត​ជ្រាប​ឲ្យ​បាន​​ដល់​ទីជម្រៅ។

ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿង​និទាន​ខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោក​បាន​លើក​យកអក្សរសិល្ប៍បារាំងធំៗមកវិភាគ និង​ផ្សាយ​ជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជា​ប្រយោជន៍​ដល់​ជនានុជនខ្មែរ។

សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការ​ស្រាវ​ជ្រាវ​ថ្មីមួយទៀតរបស់លោក ដែលអាចជា​ប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្ត​នឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។

លោកវ៉ានឌី កាអុន កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បាន​បំពេញ​វិជ្ជា​នៅ​បឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបាន​ប្រឡង​ជាប់​មធ្យម​សិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយ​បានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្ត​កំពត។

នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ​ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មាន​ឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុង​ឆ្នាំ​ដដែល​នេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)​។

នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅ​ក្រសួង​អប់រំជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្ត​ដែល​មានជំហរ​និង​គំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំង​ជា​ចាង​​ហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និង​ជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀន​ទស្សន​​វិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។

លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយ​បាន​ត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ​១៩៧៤​។ លោកបានបន្តការស្រាវ​ជ្រាវ​រហូត​ដល់​ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។

លោកបានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក​«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា​»​ដែល​បានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំង​ប្រដាប់​អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បាន​វាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែ​មករា​ ឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គម​និងនយោបាយ ហើយលោកជានាយកដឹកនាំវិទ្យាស្ថាន​នេះរហូត​ដល់​ឆ្នាំ​១៩៨៩​។

អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជា​តែង​មក​សាកសួរ​និងគារវកិច្ចចំពោះលោកជានិច្ច ហើយ​អ្នកទាំងនោះស្គាល់​ម្យ៉ាងថា ​លោក​ជា​បញ្ញវ័ន្តមួយ​រូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាង​ចរន្តទំនើប​និយម​ក្នុង​រដ្ឋអំណាចនិងបក្ស។

ដោយមានទំនាស់ទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោក​បាន​​ត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជន​ភៀស​ខ្លួន​នយោ​បាយ​​។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មាន​ចូលនិវត្តិន៍នៃវិទ្យុបារាំង​អន្តរជាតិ​ក្នុង​កម្មវិធី​ភាសា​ខ្មែរ (Radio France Internationale : RFI) ដោយលោកមាន​ឯក​ទេស​ផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែក​នយោ​បាយ​ សេដ្ឋកិច្ច សង្គម ។ល។

ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលា​ទំនេរលើ​សំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់​នៅក្នុង​របប​បួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោក​ផលិត​បានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទមួយ​ក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅ​សកល​វិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាក​ក្នុងការ​ចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne) ។

នេះស្នាដៃសំខាន់ខ្លះរបស់លោកវ៉ាន់ឌី កាអុន៖

  • សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១, ភ្នំពេញ ១៩៧១
  • ក្បួនចិត្តសាស្ត្រ, សិក្សាកថា, ភ្នំពេញ ១៩៧១
  • វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ, សិក្សាកថា, ភ្នំពេញ,១៩៧៣
  • វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី, ភ្នំពេញ ១៩??
  • សង្គមសាស្ត្រ, ភ្នំពេញ ១៩៧៣
  • Thmenh Chey en français, étude, Phnom Penh 1973
  • សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤
  • ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤
  • Réflexion sur la littérature khmère en français, étude, Phnom Penh 1981
  • រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
  • រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
  • កោះបិសាច, រឿងនិទាន, ភ្នំពេញ, ១៩៨៧
  • Cambodge : 1940-1990. La fin d’une époque, essai, Paris, 1991
  • Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
  • Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
  • អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • ប្រវត្តិសាស្ត្រកម្ពុជា ភាគ១ ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣ ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
  • សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២
  • សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២
  • ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ ២០១៣
Like
Like Love Haha Wow Sad Angry

Comments

comments