ជា​អ្នក​ដឹកនាំ​អាជីវកម្ម​មួយ​ ​អ្នក​តែង​គិត​ពី​គ្រប់​ច្រកល្ហក​​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​ដំណើរ​ការ​ទៅ​មុខ​ដោយ​ប្រក្រតី។​​ ​ប៉ុន្តែ​អ្នក​ធ្លាប់​គិត​ដែរ​ឬ​ទេ​ថា ​បុគ្គល​ដែល​ជោគជ័យ​មួយ​ចំនួន​​គ្រប់គ្រង​ការ​គិត​របស់​ពួកគេ​ដោយ​របៀប​ណា? ​​ខាង​ក្រោម​ជា​​គន្លឹះ​ដែល​បុគ្គល​ជោគជ័យ​មួយ​ចំនួន​បាន​ចែក​រំលែក ​ដើម្បី​ឲ្យ​ផ្នត់​គំនិត​របស់​អ្នក​វិជ្ជមាន ​និង​រីកចម្រើន​ជា​ដរាប។

១. ​ត្រូវ​ជឿជាក់​ថាអ្នក​អាច​សម្រប​តាម​ឧបសគ្គ​ថ្មីៗ

​​​​បុគ្គល​ជោគជ័យ​ជម្នះ​ភាព​មិន​ប្រាកដប្រជា​ដោយ​ជំនឿ​ចិត្ត។ ​​នៅ​ពេល​ជួប​បញ្ហា​ដែល​ថ្មី ​ពួកគេ​តែង​ធ្វើ​ការ​ប្រៀបធៀប​បញ្ហា​ទាំង​នោះ​នឹង​បញ្ហា​ដែល​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក។ ​​”ត្រូវ​ផ្ដោត​លើ​អ្វី​ដែល​អ្នក​មាន​ ​និង​ប្រើប្រាស់​ចំណេះដឹង​ទូទៅ​របស់​អ្នក​ដោះស្រាយ​​បញ្ហា​ដែល​ជួប​ប្រទះ”។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​​លោក Matthew Della Porta ​អ្នក​ចិត្តសាស្ត្រ ​និង​​​ជា​អ្នក​ផ្ដល់​ប្រឹក្សា​ម្នាក់។ ​លោក​បន្ថែម​ថា ​ប្រសិន​បើ​អ្នក​ផ្ដោត​លើ​ជំនាញ​ដែល​អ្នក​មាន​ស្រាប់ ​និង​សមត្ថភាព​រៀន​អ្វី​ដែល​ថ្មី​ ​នោះ​អ្នក​នឹង​អាច​សម្រប​ទៅ​​តាម​ស្ថានការណ៍​បាន​ប្រសើរ​ជាង​មនុស្ស​ធម្មតា។

២. ​​គិត​ថាជោគជ័យ​កើត​ពី​ការ​ខិតខំ​ប្រឹងប្រែង​ជា​ជាង​សំណាង

​​​​​អ្នក​ដឹកនាំ​ដែល​មាន​ជំនឿ​ជាក់​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​រមែង​​​អាច​ដោះ​ស្រាយ​ និង​ឆ្លងកាត់​ឧបសគ្គ​​លំបាកៗ​បាន​ប្រសើរ។​ មិន​តែ​ប៉ុណ្ណោះ​គេ​តែង​ រិះរក​ឱកាស​ពង្រីក​ជោគជ័យ​ឲ្យ​កាន់​តែ​ធំ​ឡើង ដោយ​មិន​​ផ្ដោត​ទៅ​លើ​សំណាង​ ពោល​ជោគជ័យ​ដែល​បាន​ដោយ​ចៃដន្យ។ ​​

៣. ​​​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​មាន

មនុស្ស​ជា​ច្រើន​តែង​ធ្វើ​តាម អ្វី​​ដែល​​បុគ្គល​​ជោគជ័យ​​​ធ្លាប់​ធ្វើ ។ ប៉ុន្តែ​បើ​ចង់​ជោគជ័យ​​អ្នក​គួរ​ ស្វែង ​យល់​ពី​ចំណុច​ខ្លាំង​របស់​អ្នក​ជា​ជាង​ការ​ធ្វើ​តាម​អ្នក​ដទៃ​​​ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​អាច​ធ្វើ​រឿង​មួយ​ល្អ​ដូចគ្នា​​​ទាំង​ស្រុង​នោះ​ទេ។ ​បើ​អ្នក​ស្រឡាញ់​​គំនិត​ Steve Job ​ចូរ​កុំ​ព្យាយាម​ធ្វើ​តាម​គាត់ ​តែ​គួរ​យក​គំនិត​គាត់​មក​ពិចារណា​ និង​សម្រប​ទៅ​តាម​​អ្វី​ដែល​​ជា​សក្ដានុពល​របស់​អ្នក។

៤. ​​​យក​ឈ្នះ​គំនិត​អវិជ្ជមាន​របស់​ខ្លួន

បើ​ចង់​ជោគជ័យ​ ​ចូរ​ទាត់​ចោល​គំនិត​អវិជ្ជមាន​ដែល​​ទាញ​អ្នក​ឲ្យ​ដើរ​ថយក្រោយ ។​ ជា​ទូទៅ​មនុស្ស​តែង​គិត​ពី​ភាព​អវិជ្ជមាន​ដោយ​ជៀស​មិន​បាន។ ​ដើម្បី​ជៀស​​ចេញ​ឲ្យ​ឆ្ងាយ​ពី​គំនិត​អវិជ្ជមាន​ទាំង​ឡាយ​​បាន​ ត្រូវ​​​​ផ្ដោត​ទៅ​លើ​ផែនការ​ដែល​អ្នក​បាន​រៀបចំ​ និង​ព្យាយាម​សម្រប​ទៅ​តាម​ស្ថាន ភាព​ជាក់​ស្ដែង​ប្រកប​ដោយ​ជំនឿ​ជាក់​ និង​​ដោយ​កម្លាំង​ចិត្ត។​

Like
Like Love Haha Wow Sad Angry

Comments

comments